រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០។

ជាប្រក្រតីភាព នាព្រឹកត្រូវទី១៤ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ​ថ​ន អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំ​ង​ទាំ​ងបីប្រភេទ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុកទាំង៦ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការ​ងា​រ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងពិភាក្សាដោះស្រាយបញ្ហា ដែលបានកើតឡើងនៅមូលដ្ឋាន ដូចខាងក្រោ​​ម ។

ក្រុង/ស្រុក ទាំង៦ បានរាយការណ៍ពីស្ថានភាពកូវីត១៩ និងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះបញ្ហាចំនួនពីរ ត្រូវបានលើកឡើង គឺការបន្តរៀបចំពិធីមង្គលការរបស់ប្រជាជនក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីត១៩ និងការជួសជុលផ្លូវ និងអណ្តូងស្នប់អាហ្រ្វីដេវ ដែលសាងសង់ដោយមន្ទីរជំនាញ ។  ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចបន្តរៀបចំពិធីមង្គលការ ពីព្រោះតំបន់យើងមិនត្រូវបានចាត់បញ្ចូលជាតំបន់ជួបហានិភ័យខ្ពស់​ តែត្រូវអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ឱ្យបានតឹងរ៉ឹងបំផុត ដូចជា​​ការរក្សាគំលាតសង្គម១.៥ម៉ែត្រ ពាក់ម៉ាស និងមានចែល ឫទឹកអាគុលលាងដៃ បើមានលទ្ធភាព ត្រូវមានម៉ាស៊ីនវាស់កំដៅ ។ ដោយឡែក ក្រុង/ស្រុក ត្រូវរៀបចំកញ្ចប់ថវិកាក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យមានប្រសិទ្ធិភាពបំផុត និងគ្រប់ជ្រុងជ្រោយ ដើម្បីបន្តការថែទាំផ្លូវ ស្ពាន និងអណ្តូងស្នប់អាហ្វ្រីដេវ និងបំផុសចលនាមហាជន ឱ្យចូលរួមអភិវឌ្ឍន៍ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈទាំងអស់គ្នា ។

ឯកឧត្តម វ៉ា ថន ប្រធានគណៈបញ្ជាការឯកភាពខេត្ត មានចំណាប់អារម្មណ៍ និងផ្តល់អនុសាសន៍មួយចំនួន ទាក់ទងនឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចសង្គម ។ (១) អាជ្ញាធរក្រុង/ស្រុក ត្រូវសហការជាមួយអាវុធហត្ថ ដឹកនាំកងកម្លាំង ចុះចល័តល្បាតនៅពេលយប់ ដើម្បីថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ (២) អាជ្ញាធរ​ក្រុ​ង​/ស្រុក ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់ជាប្រចាំ ដើម្បីកុំឱ្យមានការសាងសង់ផ្ទះ និងតូបលក់ដូរ រំលោភដីចំណីផ្លូវសាធារណៈ (៣) អាជ្ញាធរ ត្រូវផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នូវគ្រប់វេទិកាសាធារណៈ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសគ្រឿងញៀនឱ្យបានជាអតិបរមា (៤) បន្តយកចិត្តទុកដាក់ថែរក្សា និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជាព្រៃឈើ​ សត្វព្រៃ និងត្រី ។ 

អត្ថបទទាក់ទង