បន្ទាប់ពីទទួលរងឥទ្ធិពលខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ទឹកទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់មួយរបស់ប្រជាកសិករខេត្តក្រចេះ បានហក់ឡើងខ្លាំងនៅចុងរដូវទឹកជំនន់ ខែតុលា ដែលធ្វើឱ្យប៉ះពាល់ដល់ស្រូវប្រាំងរបស់ប្រជាកសិករ ចំនួន ២.២៧៥ហ.ត ក្នុងនោះខូចខាតទាំងស្រុង ចំនួន ១.៧០៤ហ.ត និងដំណាំរួមផ្សំ ចំនួន ៩៤ហ.ត ក្នុងស្រុកចិត្របុរី ឆ្លូង ព្រែកប្រសព្វ និងក្រុងក្រចេះ។
ក្នុងការឆ្លើយតបជួយអន្តរាគមន៍ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ ដែលមានឯកឧត្តម វ៉ា ថន ជាប្រធាន បានធ្វើការតាមដាន និងធ្វើរបាយការណ៍ស្តីពីចំនួនគ្រួសាររងគ្រោះ និងទំហំផលប៉ះពាល់ ដើម្បីសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោះស្រាយការស្តារឡើងវិញជូនប្រជាពលរដ្ឋរងគ្រោះ។
ក្រោយក្តាប់បានសភាពការណ៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំក្រុមការងារ និងនាំយកសម្ភារ ចុះសំណោះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ ចំនួន ២.៣៧២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន គ្រាប់ស្រូវពូជ ចំនួន ១០០គ.ម និងថវិកា ចំនួន ១០ម៉ឺនរៀល ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០២០ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ។