រដ្ឋបាលខេត្តក្រចេះ

Kratie Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ឆ្នាំ២ របស់ក្រុមប្រឹក្សាខេត្តក្រចេះ

ព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត ។ កិច្ចប្រជុំនេះ បានពិភាក្សា ពិនិត្យ និងអនុម័ត ទៅលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖

១. អង្គប្រជុំបានពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត ដោយសំឡេងគាំទ្រ២១រូប ។

២. អង្គប្រជុំ បានវាយតម្លៃខ្ពស់ ចំពោះការងារស្រូវរដូវវស្សា ដែលបានអនុវត្តលើសផែនការ ចំនួន ២២%និងបានជម្រុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តយកចិត្តទុករក្សាគុណភាព និងអនាម័យផលិតផលកសិកម្ម និងរដ្ឋបាលក្រុង/ស្រុក មន្ទីរជំនាញដែលពាក់ព័ន្ធ ត្រូវខិតខំបូមទឹកបញ្ចូលអាង ដើម្បីដោះស្រាយបញ្ហាខ្វះទឹកធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ។ ក្រោយពីបានពិភាក្សា និងពិនិត្យ សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ ២០២០ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្ត អង្គប្រជុំបានអនុម័ត ដោយសំឡេងគាំទ្រ២១រូប ។

៣. ក្រោយពីបានពិភាក្សា ស្តីពី​ ការដូរទីតាំងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ពីឃុំជ្រោយបន្ទាយ ទៅឃុំតាម៉ៅ (វត្តតាម៉ៅក្រោម) អង្គប្រជុំ បានអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពី កាលបរិច្ឆេទ នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ ទី២ និងសេចក្តីព្រាងលិខិតបង្គាប់ការ ស្តីពី ការបង្កើតក្រុមការងារ ដើម្បីរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់រដ្ឋបាលខេត្ត ដោយសំឡេងគាំទ្រ២១រូប ។

៤. ក្រោយពីបានពិនិត្យ ផែនការលទ្ធកម្ម (ទំនិញ សំណង់ និងសេវាកម្ម)ប្រចាំឆ្នាំ ២០២១ អង្គប្រជុំ បានជម្រុញឱ្យក្រុមការងារយកចិត្តទុកដាក់លើគុណភាពសំណង់ ដើម្បីជៀសវាងការខូចខាត ហើយអនុម័ត ផែនការលទ្ធកម្មប្រចាំឆ្នាំ២០២១ ដោយសំឡេងគាំទ្រ២១រូប ។

៥. ទាក់ទងនឹងបញ្ហាផ្សេងៗ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុង/ស្រុកទាំងអស់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងឆ្លើយតប លើបញ្ហាជំងឺកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។​ មួយវិញទៀត ត្រូវចូលរួមពិនិត្យ និងគាំទ្រឱ្យបានម៉ត់ចត់ លើការរៀបចំ និងកំណត់និមិត្តសញ្ញាសំគាល់ឃុំ/សង្កាត់ និងក្រុង/ស្រុក ។

អត្ថបទទាក់ទង