ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បើកកិច្ចប្រជុំសាមញ្ញលើកទី ១៦ អាណត្តិទី៣ ឆ្នាំទី២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលបាលខេត្ត និងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជាការជុំវិញខេត្ត ក្រុមប្រឹក្សាក្រុងស្រុក ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ ។ ក្នុងកិច្ចប្រជុំឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានអង្គប្រជុំ បានផ្តោតសំខាន់លើបញ្ហា ក៏ដូចជាការងារមួយចំនួនដែលមន្ទីរ អង្គភាពពាក់ព័ន្ធបានបំពេញកន្លងមករួមមាន ៖ ការងារត្រួតពនិត្យទីតាំងអាជីវកម្ម មូបក្រួស ខ្សាច់ និងការវិចខ្ចប់ ដឹកជញ្ជូន -ការងារដាក់ផ្លាកសញ្ញាចរាចរណ៍តាមទីតាំងប្រជុំជន ដូចជាជុំវិញផ្សារក្រុងក្រចេះ -ការងារធារាសាស្រ្ត -ការងារទេសចរណ៍ -សុខាភិបាល និងការងារអប់រំសិក្សាជាដើម ។ ក្នុងនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍លើកឡើង និងជម្រុញបន្ថែមទាក់ទង និងអាជីវកម្មអ្នកដឹកជញ្ជូន និងវិចខ្ចប់ ក្រួស ខ្សាច់ មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពង្រឹងការចុះត្រួតពិនិត្យលើបច្ចេកទេសការវិចខ្ចប់ និងត្រូវចាត់វិធានការតឹងរឹង ចំពោះករណីនេះ ដើម្បីបញ្ជៀសពីការបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងសោភ័ណ្ឌភាពសាធារណៈ -ការងារប្រព័ន្ធធារាសាស្រ្ត ដោយស្ថានភាពទឹកពេលនេះមានកម្ពស់ទាប មិនឡើងចូលព្រែក ឬអាងស្តុប ដូច្នេះសុំមន្ទីរជំនាញចុះពិនិត្យទីតាំងអាង និងឲ្យធ្វើសំណើរ និងផែនការទៅក្រសួង និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជួយដោះស្រាយ ក៏ដូចជាផ្សព្វផ្សាយដល់កសិករដែលធ្វើស្រែប្រាំង សុំឲ្យបង្វែរទៅដាំដំណាំរួមផ្សំ ដែលមានរយ:ពេលខ្លី និងប្រើប្រាស់ទឹកតិច -ការងារទេសចរណ៍ខេត្ត ឃើញថាមានការងើបឡើងវិញជាបណ្តើរៗគួរកត់សម្គាល់ ហើយសុំបន្តធ្វើការអភិវឌ្ឍបន្ថែម ពិសេសនៅទីតាំងគោលដៅរបស់ភ្លៀវទេសចរណ៍ -ការងារសុខាភិបាល ទាក់ទងវិធានការការពារជំងឺកូវីដ-១៩ ពិសេសការងារចក្តាឡីស័ក សុំបន្តពង្រឹងលើការងាររបស់ខ្លួន ពិសេសគឺជំងឺគ្រុនឈីកតែម្តង -ការងារអប់រំ សុំឲ្យមន្ទីរពិនិត្យលើកម្មវិធីសិក្សាទាំងរដ្ឋ និងឯកជន ឲ្យដើរទាន់គ្នាស្របនឹងកម្មវិធីរបស់ក្រសួងអប់រំ -ការងារភូមិឃុំមានសុវត្ថិភាព ជម្រុញដល់អាជ្ញាធរភូមិ-ឃុំ-សង្កាត់ ត្រូវបន្តពង្រឹងផ្សព្វផ្សាយ និងចាត់វិធានការតាមការចាត់ប្រគល់ពីរដ្ឋបាលខេត្ត - សុំឲ្យអាជ្ញាធរមូលដ្ឋាន ពិសេសគណកម្មការគ្រប់វត្ត ត្រូវពង្រឹងលើការការពារទប់ស្កាត់ពីជំងឺកូវីដ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវមានទឹកអាល់កុល ឬជែល មានទីតាំងលាងដៃ និងសាប៊ូ ជម្រុញឲ្យពាក់ម៉ាស់ទាំងអស់គ្នា ជាពិសេសនៅពេលនេះការបើកសាលាឡើងវិញដំណាក់កាលទី២ សុំពង្រឹងទាំងគ្រូ ទាំងសិស្សឲ្យប្រកាន់ខ្ជាប់ និងអនុវត្តជាប្រចាំ -ការងារសន្តិសុខ ឃើញថាបានចូលរួមនិងខិតខំយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងសុំឲ្យបន្តពង្រឹងការងារនេះ ។ឯកឧត្តមក៏បានបញ្ជាក់ថា ៖ ក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ ខេត្តនឹងធ្វើការចុះពិនិត្យ និងជួបសំណេះសំណាល ជាមួយប្រជាកសិករ ដើម្បីតម្រង់ទិសពួកគាត់ ឲ្យចេះកែច្នៃមុខរបរជីវភាពទៅតាមពេលវេលា និងស្ថានភាពរដូវកាល ។