រមណីយដ្ឋានអន្លង់ផ្សោតកាំពី ៖ ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅចំចម្ងាយ១៥គ.ម តាមផ្លូវខេត្តលេខ៣៧៧ ខាងជើងទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាងគេក្នុងចំណោមអន្លង់ទាំង៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៩-៤០ក្បាលរស់នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩។
សក្តានុពលទេសចរណ៍ ៖សម្រាប់ទទូលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិឡាសាស្ត្រសិក្សាស្រាវជ្រាវ ដែលចូលចិត្តទៅកាន់ទីនោះដើម្បីមើល និងធ្វើការសិក្សាពីផ្សោតទន្លេមេគង្គដែលជាថនិកសត្វដ៏កំរ នៅសេសសល់តិចតួចនៅលើពិភពលោក ។ ទទឹមនឹងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកដែលចូលចិត្តដើលេងតាមដងទន្លេមេគង្គ កំពុងមានការកើនឡើងគូរអោយកត់សំគាល់។
សកម្មភាពទេសចរ ៖ ដើម្បីទស្សនាផ្សោតទន្លេមេគង្គ ភ្ញៀវត្រូវធ្វើការទំនាក់ទនងទិញសំបុត្រជាមុននៅទីនោះផ្ទាល់ រួចប្រាប់អ្នកចម្លងទូក និងដឹកនាំភ្ញៀវទៅដល់កន្លែងដែលផ្សោតកំពុងហែលប្រដេញគ្នាជាក្រុមតូចៗ។សហគមន៍អ្នកចម្លងទូកស្គាល់ច្បាស់ទីកន្លែងរស់នៅរបស់ផ្សោត ដែលតែងតែប្រែប្រូលទៅតាមការធ្វើចលនាបំលាស់ប្ដូរទីកន្លែងពីរដូវប្រាំងទៅរដូវវស្សា។ អ្នកចម្លងទូកធានាជូនភ្ញៀវមើលឃើញសត្វផ្សោតបាននៅគ្រប់រដូវកាល។ នៅរមណីយដ្ឋានអន្លង់ផ្សោត ភ្ញៀវអាចទិញវត្ថុអនុស្សាវរីយ៍ ជារូបថតផ្សោត និងចំលាក់ផ្សោត ធ្វើពីឈើ ដែលឆ្លាក់ផ្ទាល់ដោយប្រជាពលរដ្ឋនៅសហគមន៍នៅទីនោះ។
លក្ខណៈ និង ប្រវត្តសត្វផ្សោតទន្លេមេគង្គផ្សោតទន្លេមេគង្គ ឬ Irrawaddy Dolphin ជាថនិកសត្វរស់នៅក្នុងទឹកសាបដ៏កម្រលើលោក ដែលសព្វថ្ងៃនៅសេសសល់ក្នុងទន្លេមេគង្គពី ក្រចេះ ទៅស្ទឹងត្រែង ព្រំប្រទល់ កម្ពុជា-ឡាវ ប្រមាណពី៨០ ទៅ ១០០ក្បាល ប៉ុណ្ណោះ ។
ផ្សោតធំមានបណ្ដោយពី ២ម ទៅ ២ម៨០ និងមានទម្ងន់រហូតដល់ទៅជិត២០០គីឡូក្រាម។ ផ្សោតមេបង្កើតកូនបានតែមួយប៉ុណ្ណោះក្នុងរាល់ ២-៣ឆ្នាំម្ដង និងចិញ្ជឹមកូនដោយទឹកដោះ ដូចមនុស្សយើងដែរ(វាជាប្រភេទថនិសត្វមិនមែនជាត្រីទេ)។
ផ្សោតជាសត្វឆ្លាតវាងវៃវាមានប្រព័ន្ធសម្លេងពិសេសសម្រាប់ទំនាក់ទំនងគ្នាទៅវិញទៅមកនិងសម្រាប់ ដឹង ដេញត្រីជាអាហារ។ អាហាររបស់វាគឺត្រី (ពិសេសត្រីឥតស្រកា) និងខ្ចៅ ខ្ចង គ្រំក្នុងទន្លេ។ ផ្សោតជាសត្វចូលចិត្តហែលប្រដេញគ្នាជាក្រុមតូចៗ ពី ៣ ទៅ ៥ ក្បាល ។ សត្វផ្សោតរស់បានពី ២០ ទៅ ៤០ឆ្នាំ។
នៅមុនសម័យសង្រ្គាមស៊ីវិល ផ្សោតរស់នៅរាប់ពាន់ក្បាលក្នុងទន្លេមេគង្គទាំងមូលរហូតដល់ទៅទន្លេសាប និងរហូតដល់ប្រទេសវៀតណាម។ នៅសម័យប៉ុល-ពត ផ្សោតជាច្រើនត្រូវបានសម្លាប់ ដើម្បីចម្រាញ់ យកខ្លាញ់ ឬបរបាញ់ ជាល្បែងលេងកំសាន្ដ។ ការបោកគ្រាប់បែកតាមអន្លង់ត្រី ការប្រើប្រាស់ឧបករណ៍ឆក់ត្រី និង ការនេសាទដោយប្រើមងក្រឡាធំ គឺជាមូលហេតុចំបងនៃការថយចុះយ៉ាងឆាប់រហ័ស នៃចំនួនផ្សោតទន្លេមេគង្គ។
ចាប់ពីឆ្នាំ១៩៩៨ មកអង្គការអន្ដរជាតិមួយចំនួនបានចូលមកសហការ និងអាជ្ញាធរ ព្រមទាំស្ថាប័នជំនាញធ្វើការអភិរក្សផ្សោតទន្លេមេគង្គ សព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើការអភិរក្សផ្សោតទន្លេមេគង្គ។